Donald ​Trump ​ចេញពី​មន្ទីរពេទ្យ​វិលត្រឡប់​ទៅ​សេត​វិមាន ​ទាំងមិន​ទាន់​ជា​សះ​ស្បើយ​

អង្គារ, ០៦ តុលា ២០២០

18

ទោះមិនទាន់ជាសះស្បើយ ប្រធានាធិបតីអាមេរិកលោក Donald Trump បានចាកចេញពីមន្ទីរពេទ្យហើយ​បន្ទាប់ពីសម្រាក​ព្យា​បា​ល​ជំ​ងឺកូវីដ១៩ ​រយៈពេលបីថ្ងៃហើយ​លោកបានប្តេជ្ញាថានឹងវិលត្រឡប់​ទៅធ្វើយុទ្ធនាការឃោសនា​បោះឆ្នោតវិញក្នុង​ពេល​ឆាប់ៗ​នេះ​។

លោកបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រ Marine One វិលត្រលប់ទៅកាន់សេតវិមាន។ លោក Trump បានបង្ហោះ Twitter មុននេះថា “ពិត​ជា​មានអារម្មណ៍ល្អណាស់!។ កុំខ្លាចកូវីដ។ កុំឲ្យវាត្រួតត្រាជីវិតរបស់អ្នក”។

នៅតែមានសំណួរអំពីភាពធ្ងន់ធ្ងរនៃជំងឺរបស់លោក Trump បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ខុសៗគ្នាកាលពីចុងសប្តាហ៍។ ទំហំ​ពិត​ប្រាកដ​​នៃការផ្ទុះឡើងក្នុងសេតវិមាននៅតែមិនទាន់ច្បាស់។ ដោយមានពាក់ម៉ាស់ លោក Trump បានដើរចេញពីមន្ទីរពេទ្យ​យោ​ធា​ជាតិ ​Walter Reed នៅជាយក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីយប់ថ្ងៃចន្ទ។ លោកនិយាយថា “អរគុណអ្នករាល់គ្នាខ្លាំងណាស់”។

បន្ទាប់ពីជិះឧទ្ធម្ភាគចក្ររយៈពេលខ្លី លោក Trump ត្រូវបានគេឃើញនៅតែម្នាក់ឯងលើយ៉រ Truman នៃសេតវិមាន។ លោកបាន​ដោះ​​ម៉ាស់​ចេញហើយលើកមេដៃនិងគោរពតាមបែបយោធា។

មិនយូរប៉ុន្មានមុនពេលចេញពីមន្ទីរពេទ្យ លោកប្រធានាធិបតីបានបង្ហោះ Twitter ថា “នឹងវិលត្រឡប់ទៅ​ធ្វើយុទ្ធនាការវិញ​ក្នុង​ពេល​ឆាប់ៗ​នេះ!!! ព័ត៌មានក្លែងក្លាយបង្ហាញតែការស្ទង់មតិក្លែងក្លាយប៉ុណ្ណោះ”។ ដោយប្រាប់ជនជាតិអាមេរិកកុំឲ្យខ្លាចជំងឺនេះក្នុងសារ Twitter កាលពីព្រឹកថ្ងៃចន្ទ លោក Trump បានបន្ថែមថា “យើងបានអភិវឌ្ឍ​ក្រោម​រដ្ឋបាល Trump, ថ្នាំនិងចំណេះដឹង​ដ៏អស្ចារ្យ​មួយ​ចំនួន​។ ខ្ញុំមានអារម្មណ៍ប្រសើរជាងអ្វីដែលខ្ញុំបានធ្វើកាលពី២០ឆ្នាំមុន!!”៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...