ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ គួរ​កំណត់​ទីតាំង​ដាក់​សំរាម​ឲ្យ​មានបាន​ត្រឹមត្រូវ​ ជៀសវាង​ប៉ះពាល់​បរិស្ថាន

ពុធ, ០៧ តុលា ២០២០

14

ដោយ​ការ​ធ្វើ​កូដកម្ម​មិន​ព្រម​ធ្វើ​ការ​របស់ក្រុម​កម្មករ ក្រុមហ៊ុន ស៊ិន ទ្រី បាន​ធ្វើ​ឲ្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល មួយ​រយៈ​ពេ​ល​នេះ ​កំពុង​មាន​សំរាម​គរ​ជា​គំនរ​ជា​ហូរហែ​នៅ​តាម​ទី​សាធារណៈ ជាពិសេស​នៅ​តាម​បណ្តា​ផ្លូវ​តូចៗ​ក្នុង​ភូមិ​នានា​ នៅ​ក្នុង​រាជធានី​ភ្នំ​ពេ​ញ ​ដែល​នាំ​ឲ្យ​ប៉ះពាល់​អនាម័យ​បរិស្ថាន​ខ្លាំង​ណាស់។

បញ្ហា​នេះ​បើ​ទោះបី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជាប្រធាន​គណៈ​បញ្ជាការ​ឯកភាព​តាម​បណ្តា​ខណ្ឌ​នានា បាន​ខិតខំ​ប្រឹងប្រែង​ជំ​រុញ ​​ការងារ​បោសសំអាត​ប្រមូល​សំរាម​ទាំង​អស់​នេះ​ក្តី ក៏​នៅ​សង្កេត​ឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​កា​រអ៊ូរទាំ​ផង​ដែរ។ ដោយសារ​តាម​បណ្តា​ផ្លូវ​តូចៗ ក្នុង​ភូមិ​នានា​របស់​ពួកគាត់​ មិន​មាន​ខាង​អាជ្ញាធរ​សង្កាត់ ឬ ខណ្ឌ មក​ចុះ​ប្រមូល​សំរាម​នោះ​ឡើយ។​

ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​រៀបរាប់​ឲ្យ​ដឹង​ថា ដោយសារ​អត់​មាន​អ្នក​ប្រមូល​នៅ​តាម​ផ្លូវ​តូចៗ ក្នុង​ភូមិ​របស់​គាត់​ដូច​ស​ព្វ​មួយ​ដង រូប​គាត់​បាន​យក​សំរាម​មួយ​ថង់​ទៅ​ដា​ក់​នៅ​កន្លែង​ដែល​ដាក់​ជាប្រចាំ​នៅ​តាម​ផ្លូវជាតិ ដើម្បី​ឲ្យ​ខាង​អ្នក​ប្រមូល​សំរាម​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​ជើងឯក ខណ្ឌ​ដង្កោ។ ប៉ុន្តែ​ផ្ទុយទៅវិញ​ស្រាប់​តែ​មាន​ប្រជា​ការពារ​មក​ស្តី​បន្ទោស​រូប​គាត់​យ៉ាង​ចាស់ដៃ ដោយ​តម្រូវ​ឲ្យ​រូប​គាត់​ដឹក​សំរាម​មួយ​កូន​ស្បោង​នោះ​យក​ទៅ​វិញ​ទៀត​ផង ដែល​ធ្វើ​ឲ្យ​រូប​គាត់​ខ្មាសគេ​យ៉ាង​ខ្លាំង។ ដោយសារ​មាន​បញ្ហា​នេះ​រូប​គាត់ ក៏ដូចជា ប្រជាពលរដ្ឋ​ទូទៅ សូម​ស្នើ​អាជ្ញាធរ​តាម​បណ្តា​សង្កាត់ ឬ តាម​បណ្តា​ខណ្ឌ​នានា នៅ​ក្នុង​រាជធានី​ភ្នំពេញ គួរ​កំណត់​ទីតាំង​ដាក់​សំរាម​ឲ្យ​មានបាន​ត្រឹមត្រូវ សម្រាប់​ការ​ប្រមូល​របស់​អាជ្ញាធ​រ ជៀសវាង​ដាក់​សំរាម​នៅ​ទី​នេះ​ខុស ដាក់​នៅ​ទីនោះ​ខុស កុំ​ឲ្យ​មានការស្តី​បន្ទោស​ពី​ប្រជា​ការពារ​ដូច​រូប​គាត់​បន្ត​ទៀត។

សូម​ជម្រាប​ជូន​ឲ្យ​ដឹង​ថា ដោយសារតែ​មានការ​ធ្វើ​កូដកម្ម​មិន​ព្រម​ចេញ​ប្រមូល​សំរាម​របស់ ក្រុម​កម្មករ ក្រុមហ៊ុន ស៊ិន ទ្រី ចាប់​តាំង​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០២០ រហូតមកដល់​ពេលនេះ បាន​ធ្វើ​ឲ្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​សំរាម​គរ​ជា​គំនរ​ហូរហែ​នៅ​តាម​ទី​សាធារណៈ​នាំ​ឲ្យ​ប៉ះពាល់​អនាម័យ​បរិស្ថាន​ទូទៅ។ បញ្ហា​នេះ​បើ​ទោះ​បី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​តាម​បណ្តា​ខណ្ឌ​នានា បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការងារ​បោសសំអាត​ប្រមូល​សំរាម​ទាំង​អស់​នេះ​ក្តី ក៏​នៅ​សង្កេត​ឃើញ​ថា មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​អ៊ូរទាំ​ផង​ដែរ។

ដើម្បី​ធានា​អនាម័យ បរិស្ថាន ស្រស់​ស្អាត​នៅ​ក្នុង​រាជធានី​ភ្នំពេញ គ្រាហ៍​ដែល​ក្រុម​កម្មករ ក្រុមហ៊ុន ស៊ិន ទ្រី កំពុង​ធ្វើ​កូដកម្ម​មិន​ព្រម​ចេញ​ធ្វើការ​នេះ នៅ​តាម​បណ្តា​មូលដ្ឋាន​នីមួយៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ បាន​កំពុង​បញ្ចេញ​រថយន្ត និង ម៉ូតូ​រ៉ឺម៉ក ចុះ​ប្រមូល​សំរាម​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដោយ​មិន​សូវ​មាន​ពេល​សម្រាក​ឲ្យ​បាន​ស្រួលខ្លួន​នោះ​ឡើយ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...