កម្ពុជា​ត្រៀម​ដាក់​ក្បាច់គុន​ល្បុក្កតោ​ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ព្រហស្បតិ៍, ០៨ តុលា ២០២០

13

ប្រទេស​កម្ពុជា​ ត្រៀម​ដាក់​ក្បាច់គុន​ល្បុក្កតោ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដើម្បី​អភិរក្ស និង​បង្ហាញ​ឲ្យ​អន្ដរជាតិ​ស្គា​ល់ពី​វប្ប​ធ​ម៌​​​រប​ស់​​កម្ពុ​ជាកា​ន់​តែ​ច្បាស់​។

​លោក ថោង ខុន ប្រធាន​គណកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) មានប្រសាសន៍​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ថា ភាគី​ពា​ក់​ព័ន្ធ​​កំពុងតែ​ពិភាក្សា និង​ខិតខំ​ពន្លឿន​ការ​ដាក់​ក្បាច់គុន​ខ្មែរ​មួយ​នេះ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភពលោក​ នៅ​ចុងខែ​ធ្នូ​ឆ្នាំ​២​០​​២០​​ខាងមុខ​។

លោក​បាន​បញ្ជាក់​ថា ការ​ដាក់​ក្បាច់គុន​ល្បុក្កតោ​ ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នេះ ដើម្បី​ថែរក្សា​មរតក​បុព្វបុរស​ខ្មែរ​យើង​ឲ្យ​បាន​គង់វង្ស និង​លើកកម្ពស់​ក្បាច់គុន​ខ្មែរ​ នៅ​លើ​ឆាក​អន្ដរ​ជាតិ។ ទន្ទឹម​នឹង​នេះ កម្ពុជា​នឹង​ដាក់​ក្បាច់គុន​ល្បុក្កតោ ក្នុង​ការ​ប្រ​កួត​​ស៊ី​​ហ្គេម​​ឆ្នាំ​២០២៣​ លើក​ទី​៣២ ដើម្បី​ប្រកួតប្រជែង​យក​មេដាយ ខណៈ​កម្ពុ​ជា​មាន​សមាជិក​ចំនួន​៤​ប្រទេស​បាន​គាំទ្រ និង​ចូ​ល​រួម​​ប្រកួត​។

​លោក​បញ្ជាក់ថា «យើង​បាន​នាំ​ក្បាច់គុន​ល្បុក្កតោ​ទៅ​ប្រទេស​ទី​៣​ហើយ មាន​ប្រទេស​ឡាវ វៀតណាម និង​ភូមា បាន​គាំទ្រ អាច​ថា​ក្នុង​ទិវា​ក្នុង​ឆ្នាំ​២០២៣ ​យើង​បាន​ដាក់​ប្រភេទ​កីឡា​នេះ​ប្រកួត ដើម្បី​យក​មេដាយ​និង​ជា​វិញ្ញាសា​មួយ​ដ៏​ធំ​ ក្នុង​ពិធី​បើក​សម្រាប់​ប​ង្ហា​ញ​​ក្បាច់គុន​ល្បុក្កតោ នៅ​លើ​ឆាក​អន្ដរ​ជាតិ ព្រោះ​ក្បាច់គុន​នេះ​សំខាន់​ខ្លាំង​ណាស់​ សម្រាប់​កម្ពុជា​យើង​»។ ជា​មួយ​គ្នា​​នោះ ​លោ​ក​​ប្រធាន NOCC ក៏បាន​ជំរុញ​ឲ្យ​សហព័ន្ធ​ក្បាច់គុន​ល្បុក្កតោ បញ្ជូន​គ្រូ​ចេញទៅ​បណ្ដុះបណ្ដាល ​នៅ​ក្រៅ​ប្រទេស​ឲ្យ​មាន​ភាព​ផុសផុល ដើម្បី​ពង្រីក​ក្បាច់គុន​ល្បុក្កតោ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ផង​ដែរ​។

សូម​បញ្ជាក់​ថា ល្បុក្កតោ គឺជា​ក្បាច់គុន​វប្បធម៌​ខ្មែរ ដែល​រួមមាន​ការ​ប្រយុទ្ធ ការ​គេច​ពី​សត្រូវ និង​ការប្រើប្រាស់​អាវុធ​ជាដើម។

ល្បុ​ក្ក​តោ​​ ជា​ក្បាច់គុន​វ័យ​ចំណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ច្បាំង​នឹង​សត្រូវ​តាំងពី​១០០០​ឆ្នាំមុន​មក​ម្ល៉េះ​។ ជា​​កំពូល​ក្បាច់គុន​ប្រកប​ដោយ​អនុភាព ឬ ក្បាច់គុន​ខ្លាំង​ដូច​សត្វ​តោ​។ ក្បាច់គុន​ល្បុក្កតោ​មាន​១២​មេហើយ ក្នុង​មួយ​មេៗ មាន​រា​ប់​​​រយ​​ស្នៀត​ប្រយុទ្ធ​។ ល្បុក្កតោ​ត្រូវ​បាន​យក​ទៅ​ប្រយុទ្ធ​គ្នា​នៅ​សមរភូមិ​។ ល្បុក្កតោ​ជា​ក្បាច់គុន​ដែល​ប្រើ​កែង ជង្គង់ ស្មង​ជើង ​ដៃ ជើង និង​ក្បាល​ជាដើម​។ ក្នុង​នោះ ស្នា ត្រគាក និង ម្រាមដៃ​សុទ្ធតែ​អាច​ប្រើ​ ដើម្បី​សម្លាប់​គូបដិបក្ខ​បាន​។ អាវុធ​ដំបង​ឫស្សី ​និងដំបង​ខ្លី​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ផង​ដែរ​៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ វិ​សិទ្ធ​

ព័ត៌មាន​ទាក់ទង​

Loading...