ជំនន់​ទឹកភ្លៀង​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​កើន​ឡើង​ដល់​១១​នាក់​ និង​ប៉ះពាល់​ជាង​១០​ម៉ឺន​នាក់

ចន្ទ, ១២ តុលា ២០២០

21

តាម​របាយការណ៍​បឋម​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​ឲ្យ​ដឹង​ថា ​ចាប់ពី​ថ្ងៃ​ទី​១ ​រហូតដល់​ថ្ងៃទី​១១​ ខែ​តុ​លា​ ​ឆ្នាំ​២០២០​នេះ ​ជំនន់​ទឹកភ្លៀង​ បានកើត​ឡើង​តាម​រាជធានី​ខេត្ត​ចំនួន​១១​ នៅ​ទូទាំង​ប្រទេស ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១​១​​នាក់ ​​និង​ប៉ះពាល់​ដល់​ប្រជាពល​រដ្ឋ​ជាង​១០​ម៉ឺន​នាក់​។

លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២​តុលា​នេះ​ថា ​ក្នុង​ចំ​ណោ​ម​​រាជធានី​ខេត្ត​ដែល​ទទួលរង​ដោយ​សារ​ជំនន់​ទឹកភ្លៀង​នោះ​ មាន​ខេត្ត​ចំនួន​៦ ​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​រួមមាន ខេត្ត​ពោ​ធិ៍​សាត់ ​បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ឧត្ដរ​មាន​ជ័យ និង​ស្ទឹងត្រែង​។​

លោក​បាន​បន្តថា ​ជំនន់​ទឹកភ្លៀង​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស ​១០១ ៨១២​ នាក់ ក្នុង​នោះ​ជម្លៀស​ទៅរក​ទីទួល​សុវត្ថិភាព​ចំ​នួន​ ​៩ ៥៦០​ នាក់ លំនៅដ្ឋាន​ ២៤ ៦៦៦ ​ខ្នង ស្រូវ​៣៦៤៦២​ហិកតា​និង​ផលដំណាំ​ផ្សេងៗ​ចំនួន​៣៤១៨៨​ហិកតា​។​

ចំណែក​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង ក្រចេះ និង​កំពង់ចាម​ មានការ​ប្រុង​ប្រ​យ័ត្ន​​ខ្ពស់​ដោយសារ​ទឹកទន្លេ​សេកុង ទន្លេ​សេសាន និង​ទន្លេស្រែពក នឹង​ហក់​ឡើង​ ដែល​អាច​ក្លាយ​ជា​ជំនន់​ទឹកភ្លៀង ដោយសារ​ប្រ​ព័ន្ធ​​សម្ពាធ​ទាប និង​ព្យុះ​ទី​១៥ ឈ្មោះ លីន​ហ្វា​។

បើ​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​ឲ្យ​ដឹង​ថា​ ក្រៅពី​មាន​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ចំនួន​១១​ ក៏​បែរ​ជា​មាន​ខេ​ត្ត​​មួយ​ចំនួន​ជួប​គ្រោះ​រាំងស្ងួត​ទៅវិញ​ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​ចំនួន​៨៣៧៣៣​ហិកតា ​ផងដែរ​៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សំអឿន

ព័ត៌មាន​ទាក់ទង​

Loading...