​ទឹកជំនន់​នៅ​ស្រុក​ប​វេ​ល នា​ព្រឹក​នេះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ

អង្គារ, ១៣ តុលា ២០២០

24

ស្រប​ពេល​ដែល​ជំនន់​ទឹកភ្លៀង បាន​កើតមានឡើង​នៅ​ស្ទើរតែ​ទូទាំង​ប្រទេស​នោះ ខេត្ត​បាត់​ដំបង​ ក៏​កំពុង​ប្រឈម​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​​ស្រុក​មួយ​ចំនួន​ផង​ដែរ។ ក្នុងនោះ​មាន​ដូចជា​ ៖ ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក ស្រុក​កំរៀង ស្រុក​សំឡូត ស្រុក​បវេល ស្រុក​មោ​ង​ឬ​ស្សី និង​ស្រុក​រុក្ខ​គិរី​ជាដើម។​

បន្ទាប់ពី​ស្រុក​រុក្ខ​គិរី​ដែល​មាន​ស្ថានភាព​ទឹកជំនន់​ខ្លាំងជាងគេ រហូត​តម្រូវ​ឲ្យ​សមត្ថកិច្ច​គ្រប់​ផ្នែក ចុះ​ទៅ​ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កា​ន់​​​ទី​​ទួល​សុវត្ថិភាព​រាប់ពាន់នាក់​រួចមក ក៏​គេ​សង្កេត​ឃើញ​ថា នៅតាម​បណ្តា​ស្រុក​ដទៃ ក៏​មាន​ការ​ស្រក​ចុះ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ដោ​យ​សារតែ​ទឹកភ្លៀង​នៅ​បង្អុរ​ធ្លាក់​មក​ម្តងៗ ហើយ​ផ្លូវ​ក្នុង​ក្រុង​មួយចំនួន ​ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន ដោយ​មិន​អនុញ្ញាតឲ្យ​ធ្វើ​ចរាចរណ៍​ឡើយ។​

​ទន្ទឹម​នឹង​នេះ គេ​សង្កេត​ឃើញ​ថា ជំនន់​ទឹកភ្លៀង ​ក៏​កំពុង​ហូរ​កាត់​យ៉ាង​គំហុក​នៅ​លើ​ផ្លូវ​មួយ​ខ្សែ​លេខ​៥៧ B​ ដែលជា​កំណាត់​ផ្លូវ​ចេ​ញ​ពី​ទីរួមស្រុក​ប​វេ​ល ទៅកាន់​ស្រុក​សំពៅ​លូន ស្ថិត​ត្រង់​ចំណុច​អូរ​កញ្ចុះ ភូមិ​កំពង់ឆ្នាំង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខណៈ​ទឹក​នេះ​កំ​ពុង​​ហូរ​ច្រោះ​យ៉ាង​ខ្លាំង បង្ក​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ។​

លោក សុខ សារិន អធិការ​នគរបាល​ស្រុក​ប​វេ​ល បាន​បញ្ជាក់​ថា ការ​លិច​ផ្លូវ​ក្នុង​ភូមិសាស្ត្រ​ខាងលើ​​គឺមាន​ប្រវែង​ប្រមាណ​ជិត ១០​០០ ​ម៉ែត្រ ដូច្នេះហើយ​ទើប​លោក​បាន​ចាត់​កម្លាំង សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ ចុះ​ប្រតិបត្តិការ​នៅត្រង់ចំណុច​ខាង​លើ ​ដើម្បី​ចុះជួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ ក្រែង​មាន​បញ្ហា​អ្វីមួយ​កើត​ឡើង​ជាយថាហេតុ។​

​ដោយឡែក​ សម្រាប់​ការ​បូកសរុប​រាល់​ផល​ប៉ះពាល់ និង​ការខូចខាត ជុំវិញ​គ្រោះ​ទឹកជំនន់ នៅ​ទូទាំង​ខេត្ត​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ ​យើង​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​ច្បាស់លាស់​ពី កាកបាទ​ក្រហម​ខេត្ត​នៅឡើយ​ទេ ដោយសារតែ​នៅ​ស្រុក​ខ្លះ​មិន​ទាន់​មាន​​លក្ខណៈ​ធូរស្រាល​នៅឡើយ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ ពិសី

ព័ត៌មាន​ទាក់ទង​

Loading...