ក្រសួងធនធានទឹកជូនដំណឹងពីព្យុះទី ១៧ (Saudel) ដែលឆ្លងកាត់ភាគខាងត្បូងនៃប្រទេសវៀតណាមចូលមកកម្ពុជា

ព្រហស្បតិ៍, ១៥ តុលា ២០២០

33

ក្រសួងធនធានទឹក អំពាវនាវឲ្យសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន ទីទំនាប​ក្បែរផ្លូវ​ទឹក​ជាប់​តំ​បន់​ភ្នំ និងជួរភ្នំ និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារប្រទេសកម្ពុជា ទទួលឥទ្ធិពលសម្ពាធ​ទា​ប ពីព្យុះទី ១៧ ឈ្មោះ សូឌែល (SAUDEL)។

យោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក ចុះថ្ងៃទី ១៥ ដោយលោក លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានជម្រាបជូនសាធារណះជនឲ្យបានជ្រាប់ថា បន្ទាប់ពីបានធ្វើការតាមដាន និង​ការ​វិវត្ត​ជាក់ស្តែងនៃស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ឃើញថា នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២០នេះ សម្ពាធទាបសកម្មមួយ ( Active Low ) កំពុងស្ថិតនៅលើភាគកណ្តាលប្រទេសហ្វីលីពីន។

តាមការព្យាករសម្ពាធទាបសកម្មនេះ នឹងរំកិលចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយវិវត្តខ្លួនជាបន្តបន្ទាប់ទៅជា ព្យុះទី ១៧ ឈ្មោះ ​សូឌែល (SAUDEL) ដោយធ្វើដំណើរចូលមកប៉ែកខាងលើភាគខាងត្បូងនៃប្រទេសវៀតណាម នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២០ ហើយបានថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅពេលចូលមកក្នុង ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ប្រព័​ន្ធ​ស​ម្ពាធ​ទាប បាននិងកំពុងបន្តអូសបន្លាយពីលើកម្ពុជា។

លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ មាន​ស្ថា​​ន​ភាព ដូចខាងក្រោម ៖១- បណ្តាខេត្តនៅតំបន់វាលទំនាប រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំ​ពង់​ធំ ​កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ច្រើនជាប់បន្ត ។

២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគឦសាន និងខេត្តជាប់ព្រំដែនប្រទេស វៀតណាម រួមមាន ខេត្តឧត្តរមានជ័យ ព្រះ​វិ​​ហារ ​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរ ទៅច្រើន។
៣- តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើន រួមជាមួយខ្យល់បក់​បោ​ក​ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក សូមសាធារណជនជ្រាបជាព័ត៌មាន ពិសេស បងប្អូនប្រជាពលរដ្ឋ​ដែល​រស់​នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ និងជួរភ្នំ និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូ​ម​បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយ​នឹងជម្រាប​ជូន​ព័ត៌​មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Mey Soklim

ព័ត៌មាន​ទាក់ទង​

Loading...