ប្រជាជនជាង​១​ម៉ឺន​នាក់​ ក្នុង​រាជធានី​ភ្នំពេញ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង អាជ្ញាធរ​បាន​និង​កំពុង​យកចិត្តទុកដាក់​

សៅរ៍, ១៧ តុលា ២០២០

20

ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​ហើយ​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​បាន​ទទួល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​ប្រ​ជា​ពល​រដ្ឋ​​ទាំងនេះ​ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​កងកម្លាំង​មាន​សមត្ថកិច្ច​យកចិត្តទុកដាក់​គ្រប់​ពេល​មិន​ថា ការ​ហូបចុក ការ​ស្នា​ក់​នៅ​និង​ការ​ធ្វើ​អនាម័យ​ ដើម្បី​សុខភាព​ល្អ​ប្រសើរ​នោះ​ទេ​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈ​ដែល​លោក​និង​លោកស្រី អ​ញ្ជើ​ញ​​ចែក​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទ​ក្រ​ហម​កម្ពុជា ជូន​ប្រជាពលរដ្ឋ រងគ្រោះ​និង​ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​មកពី​ស្ទឹង​ព្រែក​ត្នោត​ជិត​១០០០​គ្រួសារ នៅ​សង្កា​ត់​​រលួស​​ ខណ្ឌ​ដង្កោ​នា​ព្រឹក​ថ្ងៃ​ទី​១៧ តុលា​នេះ​។

លោក​ ឃួ​ង ស្រេង បាន​មាន ប្រសាសន៍​ថា សម្ដេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុនរ៉ានី​ ហ៊ុ​ន​សែន ​ប្រ​ធាន​កាកបាទក្រហមកម្ពុជា បាន​យកចិត្តទុកដាក់​ណាស់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ​។​ សម្តេច​បាន​បញ្ជា​អោយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជាមុន​សិន រឿង​ទ្រព្យសម្បត្តិ​ចាំ​គិត​ក្រោយ ហើយ​អាជ្ញាធរ​កងកម្លាំង​មាន​សមត្ថកិច្ច ត្រូវ​អ្នកការពារ ទ្រព្យសម្បត្តិ​ទាំងនោះ ពោល​គឺ​អ្នក​ដឹក​ចេញ បើ​មិន​មាន​ប័ណ្ណ​សំគាល់​យានយន្ត​ច្បាស់លាស់​ទេ គេ​មិន​អនុញ្ញាត​ឲ្យ​​ដឹក​​ចេញ​ឡើយ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​គ្រួសារ​ហើយ​ដែរ​ទទួលរង​ការ​លិចលង់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ តែ​ស​ម្រា​​ប់​​ប្រជាពលរដ្ឋ​រងគ្រោះ​ធ្ងន់​និង​មាន​ទឹក​ជ្រៅ​ជាងគេ ​គឺ​ប្រជាពលរដ្ឋ​នៅ​ខណ្ឌ​ដង្កោ​នេះឯង។ ​លោក​ក៏បាន​ស្នើ​ឲ្យ​បងប្អូន​ប្រ​ជា​ព​ល​​រដ្ឋ​រងគ្រោះ​ទាំងអស់​បើ​មាន​បញ្ហា​អ្វីមួយ​ចង់​ឲ្យ​មាន​ការ​ជួយ​សង្គ្រោះ សូម​ទាក់ទង​មកកាន់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញាធរ​យើ​ង​​បាន​ជួយសង្គ្រោះ​ទាន់​ពេល​វេលា​។

គួរ​បញ្ជាក់​ថា អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន ប្រធាន​កាក​បា​ទ​​​ក្រ​ហមកម្ពុជា ដែល​ចែក​ជូន​ប្រជាពលរដ្ឋ រងគ្រោះ​និង​ងាយ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​មកពី​ស្ទឹង​ព្រែក​ត្នោត នៅ​សង្កាត់​រលួ​ស​ ​ខណ្ឌ​ដង្កោ​នា​ព្រឹក​ថ្ងៃទី​១៧ តុលា​នេះ មាន​ចំនួន​៨៦៣​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗទទួល​បាន​៖ ឃី​ត​១ ដែល​មាន​ទាំង (​ភួ​យ ​មុង កន្ទេល ខ្នើយ )​អង្ករ​ចំនួន ២៥​គីឡូក្រាម មី​១​កេស ទឹប​បរិសុទ្ធ​១​កេស ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Sorn Phanith

ព័ត៌មាន​ទាក់ទង​

Loading...