ក្រុមហ៊ុន​ដឹក​សំរាម​ស្តង់ដារ​អន្តរជាតិ​ចំនួន​៣​ នឹង​ចេញ​ប្រតិបត្តិការ​ នៅ​ដើមខែ​កុម្ភៈ​ ឆ្នាំ​២០២១

សៅរ៍, ២៤ តុលា ២០២០

26

ក្រុមហ៊ុន​ដឹក​សំរាម​ចំនួន​០៣ ​ដែល​មាន​លក្ខណៈ​អន្តរជាតិ នឹង​ចេញ​ប្រតិបត្តិការ​លើ​ការ​ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​ នៅ​ក្នុង​រាជ​ធា​នី​​ភ្នំពេញ នា​ដើមខែ​កុម្ភៈ ​ឆ្នាំ​២០២១​ ខាងមុខ​នេះ​ហើយ។ ពោល​គឺ​ក្រោយ​ពី​ក្រុមហ៊ុន​ទាំងបី​នេះ បានសម្រេច​ជ្រើ​ស​រើស​​ជាប់​សព្វ​គ្រប់​។​


អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៤​តុលា​នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹ​ង​​បិទ​ការ​ទទួល​ពាក្យ​ស្នើសុំ ដើម្បី​បន្ត​នីតិវិធី ​នៃ​ការ​ជ្រើសរើស​លក្ខ​ណៈ​សម្បត្តិ យក​ក្រុមហ៊ុន​ចំនួន​៣ ដើម្បី​ប្រតិបត្តិការ លើ​ការ​ប្រ​មូ​ល ​​និង​ដឹកជញ្ជូន​សំរាម​នៅ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ។

ក្រុមហ៊ុន​ទាំង​៣ ​ដែល​បាន​ជាប់​នៅ​ក្នុង​ការ​ជ្រើសរើស​នេះ​ នឹង​ចេញ​ប្រតិបត្តិការ​លើ​ការ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ នា​ដើ​ម​ខែ​​កុម្ភៈ​ ​ឆ្នាំ​២០២១​ខាងមុខនេះ​ ដោយ​បែង​ចែក​ជា​៣​តំបន់ ដើម្បី​ធ្វើ​សកម្ម​ភាព​ប្រមូល​សំរាម។​

ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​សំរាម​នេះ​ដែរ លោក​ ម៉េ​ត មាស​ភក្តី ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា មក​ដល់​ពេល​នេះ ការ​ដឹកជញ្ជូន​សំ​រាម​​ទៅកាន់​ទីលាន មាន​ស្ថាន​ភាព​រលូន​ដូចដើម​វិញ​ហើយ បន្ទាប់ពី​មាន​ការ​ខិតខំ​ប្រឹងប្រែង​ដោយ​យកចិត្តទុកដាក់​ និង​វិធានការ​ប្រើ​ប្រាស់​កម្លាំង ​​មធ្យោបាយ​សរុប​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រហូត​ធ្វើឲ្យ​កម្មករ​ក្រុមហ៊ុន​ស៊ីន ទ្រី ​ចូល​ធ្វើ​ការ​​វិញ​បាន​ជាង​១​សប្ដាហ៍​នេះ​។​

លោក​បន្ត​ថា កន្លង​មក​នេះ​ ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​និង​ក្រសួង​មហា​ផ្ទៃ ហើយ​ដោយមាន​ការ​​សម្របសម្រួល​ពី​ លោក​អភិបាល​រាជធានី​ភ្នំពេញ​ និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផង​នោះ កម្មករ​ក្រុមហ៊ុន​ស៊ីន ទ្រី បាន​ព្រម​ចូល​ធ្វើ​ការ​វិញ​ទាំងអស់គ្នា​វិញ ចាប់ពី​រសៀល​ថ្ងៃ​ទី​១៤​ ខែ​តុលា ​ឆ្នាំ​២០២០​ ដោយ​ទទួលយក​នូវ​អ្វីដែល​ជាការ​ព្រមព្រៀងគ្នា។

បន្ថែម​ពី​នោះ បន្ទាប់ពី​ព្រមព្រៀងគ្នា​ជា​លើក​ទី​២ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​តុលា ​ឆ្នាំ​២០២០ កម្មករ​និយោជិត​រប​ស់​ក្រុមហ៊ុន ស៊ី​ន ​ទ្រី​ទាំងអស់​នោះ បាន​យល់ព្រម​ចូល​ធ្វើការ​វិញ​តាម​តួនាទី​របស់​ពួកគេ​រៀង​ៗ​ខ្លួន ព្រមទាំង​មានការ​ជួយ​យ៉ាងសកម្ម​ពី​ក្រុម​ការ​ងារ​​​ដែល​​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទាំង​មធ្យោបាយ​ផង​នោះ រហូតមកដល់​ពេលនេះ​ បញ្ហា​សំរាម​មាន​សភាព​ធម្មតា​ឡើ​ង​វិញ​ហើយ។ មានន័យថា ពេលនេះ ​ការងារ​ដូច​ថ្ងៃ​ធម្មតា គឺ​សំរាម​ចាស់​ ត្រូវ​បាន​ប្រមូល ​និង​ដឹកជញ្ជូន​យក​ទៅ​ទីលាន​ចា​ក់​សំ​រាម​​អស់​ហើយ នៅ​សល់​តែ​សំរាម​ដែល​ប្រជាពលរដ្ឋ​ផលិត​រាល់ថ្ងៃ​នោះ​ទេ ដែល​កម្មករ​ក្រុមហ៊ុន សិន ទ្រី កំពុង​ប្រមូល​រាល់​ថ្ងៃ​នេះ។​

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា ក្រុមការងារ​ប្រមូល​សំរាម​ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី ភ្នំពេញ​នោះ ពេលនេះ​ បាន​ស​ម្រា​ក​​ហើយ ហើយ​បាន​ប្រគល់​ការងារ​នេះ​ទៅ​ឲ្យ​កម្មករ​របស់​ក្រុមហ៊ុន សិន ទ្រី ជា​អ្នកទទួលខុសត្រូវ​វិញ។​

គួរ​រំលឹក​ផង​ដែរ​ថា ចាប់តាំងពី​ល្ងាច​ថ្ងៃទី​២ ​ខែតុលា ឆ្នាំ​២០២០ រហូតមកដល់​ថ្ងៃទី​១៤​តុលា​ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ី​ន​​ទ្រី ​បាន​ធ្វើ​កូដកម្ម នៅ​យានដ្ឋាន​ក្រុមហ៊ុន ស៊ីន ទ្រី ដែល​មាន​ទីតាំង​នៅ​ភូមិ​ម័​រ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដោយ​មិន​ចេញ​ប្រមូល​សំរាម។ ដែល​ធ្វើ​ឲ្យ​មាន​សំរាម​កកស្ទះ​នៅ​តាម​ដង​ផ្លូវ​នានា ​ក្នុង​រាជធានី​ភ្នំពេញ។ ប៉ុន្តែចាប់ពី​ល្ងាច​ថ្ងៃទី​១៤ ​ខែ​តុ​លា​​នោះ​មកកម្មករ​ទាំងនោះ បាន​ខិតខំ​ធ្វើការ​ប្រមូល​ និង​ដឹកជញ្ជូន​សំរាម​រហូត​មក​ដល់ពេលនេះ ទើប​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ ស្រីរ័ត្ន

ព័ត៌មាន​ទាក់ទង​

Loading...