ទ្វីបអាស៊ីក្លាយជាតំបន់ទី២ ដែលមានការឆ្លងកូវីដលើស១០លានករណី

ចន្ទ, ២៦ តុលា ២០២០

15

នៅថ្ងៃសៅរ៍ ទ្វីបអាស៊ីបានកត់ត្រាការឆ្លងកូវីដលើស១០​លានករណីដែលធ្វើឲ្យខ្លូនក្លាយជាតំបន់មាន​ករណីឆ្លងធ្ងន់ធ្ងរបំផុត​លំ​ដា​ប់​ទីពីរ​នៅលើពិភពលោកខណៈករណីបន្តកើនឡើងខ្ពស់នៅក្នុងប្រទេសឥណ្ឌាថ្វីបើមានការធ្លាក់ចុះនៅកន្លែងផ្សេងក៏ដោយ។

នៅពីក្រោយតំបន់អាមេរិកឡាទីន ទ្វីបអាស៊ីបានរួមចំណែកប្រហែលមួយភាគ​បួននៃករណីសរុបទូទាំងពិភពលោក​ដែល​មា​ន​៤​២​.១​លានករណី។ ជាមួយនឹងការស្លាប់មនុស្សជាង១៦៣,០០០នាក់ជាសកល តំបន់នេះមានប្រហែល១៤ភាគរយ។ ថ្វីបើអាស៊ី​មា​ន​ការ​រីករាលដាលខ្លាំងក៏ដោយ តែតំបន់ទាំងមូលបានរាយការណ៍អំពីភាពប្រសើរឡើងក្នុងការ​ដោះ​ស្រា​យ​ជា​មួយ​ជំងឺ​រាត​ត្បាត​នេះ​ក្នុង​រយៈ​ពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ក្នុងទ្វីបនេះ អាស៊ីខាងត្បូងដែលដឹកនាំដោយប្រទេសឥណ្ឌា​គឺជាតំបន់រងផលប៉ះពាល់ខ្លាំងបំផុតពោលគឺរួមចំណែក​ជិត​២១​ភាគ​រយ​នៃ​ករណីឆ្លងនិង១២ភាគរយនៃករណីស្លាប់។

ឥណ្ឌាជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក។ ឥណ្ឌាបានរាយការណ៍ថា មាន​ករ​ណី​ឆ្លងវីរុសកូរ៉ូណាជាង៥៧,០០០ករណីក្នុងមួយថ្ងៃ។ប្រទេសឥណ្ឌាមានអត្រាស្លាប់ជា​មធ្យម៧៦៤នាក់ក្នុងមួយ​ថ្ងៃ​ដែ​ល​ជា​អត្រា​អា​​ក្រក់​បំផុតនៅលើពិភពលោកនិងមានចំនួនមនុស្សស្លាប់ម្នាក់ក្នុងចំណោម១៣នាក់ដោយសារជំងឺរាតត្បាតជាសកល។

ប្រទេសនេះបានរាយការណ៍ថា មានការឆ្លងជិត៧.៨លានករណីនៅពីក្រោយសហរដ្ឋអាមេរិកដែលមាន៨.៥លានករណី។ អ្នក​ស្លា​ប់​នៅឥណ្ឌាមាន១១៨,០០០នាក់ចំណែកសហរដ្ឋអាមេរិកមាន២២៤,១២៨នាក់។

អ្នកជិតខាងភាគខាងកើតប្រទេសឥណ្ឌាគឺបង់ក្លាដែស ជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ​លំដាប់ទី២នៅអាស៊ីដែលមានករណី​ជិ​ត​៤០០,០០០ករណី។ នៅអាស៊ីអាគ្នេយ៍ ប្រទេសឥណ្ឌូនេស៊ីបានវ៉ាដាច់ហ្វីលីពីន​កាលពីសប្តាហ៍មុនជាប្រទេសដែល​រងគ្រោះ​ខ្លាំ​ង​​ជាង​គេ​ដោយ​មានអ្នក​ឆ្លង​ជាង​៣៧០,០០០នាក់៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...