ច្បាស់​​ហើយ! ​​ក្រសួង​​អប់រំ​ ​នឹង​បើក​​ដំណើរ​ការ​​សាលារៀន​​ឡើង​វិញ​​ដំណាក់​កាល​​ទី​៣​ ​​ក្នុង​​ខែ​​វិច្ឆិកា​

អង្គារ, ២៧ តុលា ២០២០

18

អ្នកនាំពាក្យ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ បាន​ឲ្យ​ដឹង​ថា ​ក្រសួង​ នឹង​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ​ ដំណាក់កាល​ទី​៣​ នៅ​ស​ប្ដា​ហ៍​​ទី​១ ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ​ខាងមុខនេះ​។​

លោក រស់ សុ​វាចា អ្នកនាំពាក្យ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​តុលា​នេះ​ថា ​«​ក្រសួង​អប់រំ ​បា​ន​​ទទួល​គោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពី សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​បើក​សាលារៀន​ឡើងវិញ​នៅ​ដំ​ណាក់​កាល​ទី​៣​ ក្នុង​សប្ដាហ៍​ទី​១ ​ខែ​វិច្ឆិកា​ខាងមុខនេះ​»​។​

យ៉ាងណាក៏ដោយ លោក​មិនបាន​បញ្ជាក់​ថា​ ការ​បើក​សាលា​នៅ​ដំណាក់កាល​ទី​៣​នេះ​ បើក​ទូទាំង​ប្រទេស ​ឬ​យ៉ាងណា​នោះទេ​ ដោ​យ​​រង់ចាំ​ការ​ចេញ​សេចក្ដីជូនដំណឹង​ជា​ផ្លូវការ​របស់​ក្រសួង​។​

លោក​បាន​បន្ត​ថា​ នៅ​ពេល​ឆាប់ៗ​នេះ ​ក្រសួង​អប់រំ ​នឹង​ចេញ​សេចក្ដីណែនាំ ​ស្ដីពី​ការ​បើក​ដំណើរការ​សាលារៀន​ដំណាក់​ទី​៣​ ដល់​គ្រឹះស្ថានសិក្សា​ពាក់ព័ន្ធ​ ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។​

ពាក់ព័ន្ធ​នឹង​ការ​បើក​សាលារៀន​ឡើងវិញ​នេះ​ដែរ លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​បាន​មានប្រសាសន៍​នៅ​ក្នុង​កិច្ចពិភាក្សា​ ស្ដីពី​ការ​បើក​ដំណើរការ​សាលា​រៀន​ឡើងវិញ​កាលពីបេល​ថ្មីៗ​នេះ​ថា ​ការ​បើក​សាលា​ជា​ដំ​ណា​ក់​កាលៗ​នេះ​ គឺ​ក្រសួង​តែងតែ​គិតគូរ​ពី​សុខ​សុវត្ថិភាព​និង​សុ​ខ​ភាព​របស់​សិស្ស ​និង​បុគ្គលិក​អប់រំ​។ ក្នុងនោះ ដើម្បី​ធ្វើយ៉ាង​ណា​​​កុំ​​ឲ្យ​​​មាន​​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ និង​អាច​ឲ្យ​សិស្ស​បន្ត​ការរៀនសូត្រ​បានជា​ធម្មតា​។​

លោក​រដ្ឋមន្ត្រី​ បាន​បន្តទៀតថា ​ក្រសួង ​មិន​យក​បុគ្គលិក​អប់រំ​ និង​សិស្ស ​មក​ប្រថុយប្រថាន​នោះទេ​។ក្រសួង​ គិត​ពី​សុវត្ថិភាព​ជា​ច​ម្ប​ង ​​ពោល​គឺ​មុននឹង​បើក​ គឺ​ចុះ​វាយតម្លៃ​ពី​ស្ថានការណ៍​ជាមុនសិន​ទើប​អាច​បើក​បាន​។​

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ​«​យើង​សុខចិត្ត​បើក​សាលា​យឺត ​ប្រសើរ​ជាង​បើក​លឿន​ដូចជា​បណ្តា​ប្រទេស​មួយ​ចំនួន​ បើក​ហើយ​បិទ​ទៅវិញ​ដោយសារ​ឆ្លង​ជំងឺ​នេះ​នៅក្នុង​សាលារៀន​។ ​ចំណែក​យើង​នៅ​មិន​ទាន់​មាន​សិស្ស​ ឬ​បុគ្គលិក​អប់រំ​យើង​ណា​ម្នាក់​ឈឺ​ដោយសារ​ជំងឺ​កូ​វីដ-​១៩​នេះ​នៅឡើយ​ទេ​»​។​

គួរ​បញ្ជាក់​ថា​ ក្រសួង​អប់រំ​ បាន​បើក​សាលា​ឡើងវិញ​នៅ​ដំណាក់កាល​ទី​១​ នា​ខែ​សីហា​ និង​ដំណាក់​កាល​ទី​២​ បើក​នៅ​ថ្ងៃ​ទី​៧​ ខែ​ក​ញ្ញា ​​ឆ្នាំ​២០២០​ ដោយ​អនុញ្ញាត​ឲ្យ​សិស្ស​ថ្នាក់​ទី​៩​ និង​ថ្នាក់​ទី​១២ ​នៅ​ទូទាំង​ប្រទេស ​និង​ទី​រួម​ខេត្ត​ចំនួន​៤​រួមមាន ៖ ​ទី​រួម​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគី​រី​ និង​មណ្ឌល​គី​រី​អនុញ្ញាត​ឲ្យ​សិស្ស​គ្រប់​កម្រិត​ចូលរៀន​ឡើងវិញ ដោយសារតែ​ខេត្ត​ទាំង​៤​ មាន​ហានិភ័យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ក្នុង​កម្រិត​ទាប ​ព្រមទាំង​គ្រឹះស្ថានសិក្សា​ឯកជន​គ្រប់​កម្រិត​។​

ក្រៅពីនេះ​ ក្រសួង​ បាន​និង​បន្ត​ពិនិត្យ​លទ្ធភាព​ជាក់ស្ដែង​បើក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈ​តាម​រាជធានី​-​ខេត្ត​ផ្សេងទៀត​តាម​​ទ្រង់​ទ្រាយ​តូច​ និង​ឆ្លាស់​វេន​គ្នា​ផង​ដែរ​៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ សំអឿន

ព័ត៌មាន​ទាក់ទង​

Loading...