អ្នកស្លាប់ដោយព្យុះ Molave នៅវៀតណាមកើនដល់ ៤០ នាក់ (Update)

សៅរ៍, ៣១ តុលា ២០២០

20

គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី ៣១ ខែតុលា នេះ អ្នកស្លាប់ដោយព្យុះ Molave បានកើនឡើងជិត ៤០ នាក់ចាប់តាំងពីវាបានមកដល់​ប្រ​ទេ​ស​​វៀតណាមកាលពី ២ ថ្ងៃមុន ខណៈមនុស្សជាច្រើនត្រូវបានជួយសង្គ្រោះកាលពីថ្ងៃព្រហស្បតិ៍រួមទាំងអ្នកនេសា​ទ ​៣នា​ក់​ត្រូ​វ​​បាន​​រកឃើញនៅក្នុងសមុទ្រ និងមនុស្ស ៣៣ នាក់ទៀតបានទាញចេញពីភូមិតូចមួយដែលកប់ដោយដីភក់។

ទន្ទឹមនោះក្រុមអ្នកជួយសង្គ្រោះបានស្វែងរកសញ្ញានៃការរស់រានមានជីវិតបន្ថែមទៀត បន្ទាប់ពីមានការរអិលបាក់​ដីជាបន្តបន្ទាប់​នៅភាគ​កណ្តាលប្រទេសវៀតណាមដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងពីព្យុះ Molave ​​ខណៈព្យុះដ៏ខ្លាំងក្លាមួយទៀត​កំពុងបោក​បក់​ឆ្ពោះទៅតំបន់អាស៊ីអាគ្នេយ៍។

បន្ថែមពីនេះឧទ្ធម្ភាគចក្រ ទាហាន និងឆ្កែហិតក្លិនត្រូវបានដាក់ពង្រាយដើម្បីស្វែងរក​មនុស្សរាប់សិបនាក់ទៀតដែលត្រូវបាន​គេគិ​ត​ថា​ស្លាប់នៅក្នុងប្រទេសវៀតណាមដោយសារការរអិលបាក់ដី និងកប់ភក់យ៉ាងតិច ៥ នៅតំបន់ភាគកណ្តាលដែលត្រូវបា​ន​បំផ្លា​ញ​ដោយសារភ្លៀងធ្លាក់ខ្លាំងរាប់សប្តាហ៍ និងទឹកជំនន់ដ៏អាក្រក់បំផុតនៅក្នុងឆ្នាំ។

ចំណែកលោកឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រថា ព្យុះទីហ្វុងនេះបានបន្ស ល់​​ទុក​នូវ​​ការខូចខាតយ៉ាងខ្លាំង។

គួរបញ្ជាក់ថា តំបន់ភាគកណ្ដាលប្រទេសវៀតណាមបានជួប​ប្រទះនូវព្យុះទីហ្វុងជាបន្តបន្ទាប់នៅឆ្នាំនេះ​ដោយសម្លាប់មនុស្សយ៉ាង​តិ​ច ​១៦០ នាក់ និងបណ្ដាលឲ្យមនុស្សរាប់សិបនាក់បាត់ខ្លួន ហើយបានបំផ្លិចបំផ្លាញទីក្រុង និងផលដំណាំជាច្រើន និងបង្ខំ​ឲ្យ​មនុ​ស្ស​រាប់​ពាន់នាក់ស្ថិតក្នុងជម្រកបណ្ដោះអាសន្ន៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ ជីវ័ន្ត

ព័ត៌មាន​ទាក់ទង​

Loading...