ដំរី ​Kaavan ​ដែលល្បី ​នៅប្រទេស​ប៉ាគី​ស្ថាន ​នឹងបញ្ជូន​មកកម្ពុជា​នៅ​ចុង​ខែវិច្ឆិកា​នេះ ​នឹងព្រលែង​ឲ្យរស់​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​

សៅរ៍, ២១ ​វិច្ឆិកា ២០២០

23

ដំរី ខាវ៉ាន់ (Kaavan) ដែលត្រូវបានគេស្គាល់ថា ជាប្រភេទដំរីអាស៊ី និងមានភាពល្បីល្បាញ នៅក្នុង តុលាការ នៃប្រទេស​ប៉ា​គី​ស្ថា​​ន​ ​​នឹងត្រូវបញ្ជូនមកដល់ប្រទេសកម្ពុជា នាចុងខែវិច្ឆិកានេះ ហើយនឹងត្រូវ​ព្រលែងឲ្យរស់នៅ ក្នុងព្រៃធម្មជាតិ ខេត្តឧត្តរមាន​ជ័​យ​។ ​នេះបើតាមការឲ្យដឹងពីលោក នេត្រ ភក្ត្រា រដ្ឋ​លេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។

លោក នេត្រ ភក្រ្តា បានថ្លែងនៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នេះថា មកដល់ពេលនេះដំរីខាវ៉ាន់ កំពុងតែរៀប​ចំកម្មវិធី ដើម្បីបញ្ជូន​ម​ក​​កម្ពុជា ​ហើយអ្វីដែលយើងរំពឹងទុកនោះ ការសម្របសម្រួលរវាងអង្គការស៊ី​ដាប់​បែល​យូអេស (CWS) និងអង្គការនៅប៉ា​គី​ស្ថា​ន ​នឹងត្រូវដឹកតាមយន្ត​ហោះមកកម្ពុជាតែម្ដង។ លោក​ថា តាម​ការរំពឹងទុក គឺដំរីនេះ នឹងមកដល់ប្រទេសកម្ពុជា​នៅអំឡុង​ចុង​ខែ​វិច្ឆិកា​នេះ។

ដំរី​​ឈ្មោល Kaavan ​មានអាយុ៣៥ ឆ្នាំ ​ជាប្រភេទដំរីអាស៊ី ហើយជាប្រភេទដំរី ដែលជិតផុតពូជនៅ​អាស៊ី​ផងដែរ។ ​
 
​​ដំរីខាវ៉ាន់​ នឹងត្រូវបញ្ជូនទៅឲ្យរស់នៅក្នុងតំបន់ការពារធម្មជាតិ ដែលមានឈ្មោះថា ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ស្ថិ​ត​នៅ​ក្នុង​ភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដោយមានការថែរក្សាការពារដោយអង្គការ CWS និងក្រសួងបរិស្ថាន។ លោក នេត្រ ភ​ក្រ្តា ​អះអាងថា យើងនឹងការពារថែរក្សាដំរីខាវ៉ាន់នេះ ឲ្យបានល្អ ហើយនៅពេលដែលដំរីនេះស៊ាំទៅនិងព្រៃធម្មជាតិនៅកម្ពុជា និងព្រមលែងចូលទៅក្នុងព្រៃតែម្តង។ ​

បើតាមលោក នេត្រ ភក្រ្តា មកដល់ពេលនេះ កម្ពុជាមានដំរីព្រៃ ឬដំរីប្រភេទដំរីអាស៊ីនេះ ចន្លោះពី៤០០ ទៅ៦០០ក្បាល ដែល​ប​ច្ចុ​​ប្បន្នកំពុងរស់នៅក្នុងព្រៃអភិរក្សជួរភ្នំក្រវាញ និងនៅភាគឦសាន នៃប្រទេស​កម្ពុជា ដែលមានដូចជានៅខេត្តមណ្ឌលគីរី និង​រតន​គីរីជាដើម។ លោកបន្តថា នៅរយៈពេលជាង ១០ឆ្នាំ​ចុងក្រោយនេះ ស្ថានភាពនៃការបរបាញ់សត្វព្រៃ ដើម្បីយកភ្លុក យក​ក​ន្ទុយ​ទៅប្រើប្រាស់តាមជំនឿ មាន​ការធ្លាក់ចុះយ៉ាងខ្លាំង ដែលអាចនិយាយបានថា ស្ទើរតែគ្មានតែម្តង ដោយសារតែការ​អនុវត្ត​ច្បា​ប់​​តឹង​រឹង​។

សូមបញ្ជាក់ថា ​រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយ​អង្គការ​ជាដៃគូ ​បានរៀបចំផែនការ​អភិរក្ស​សត្វ​ដំរីនៅប្រទេសកម្ពុជា ក្នុ​ង​​ផែន​​ការ​១០ឆ្នាំ ​គឺចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដែលគ្រោងចំណាយ​ថវិកា​ប្រមាណជាង៤០ លានដុល្លារសហរដ្ឋអាមេរិក ដែលថវិកានេះ បានមកពីរាជរដ្ឋាភិបាល និងម្ចាស់​ជំនួយ និងអង្គការដៃគូ ដើម្បីរៀបចំការការពារ និងអភិរក្សសត្វដំរីព្រៃនេះ។ ក្នុង​នោះ មានទាំងការការពារ​ជម្រក និងការបង្កាត់ពូជជាដើម។ ដំរីអាស៊ីនេះ បច្ចុប្បន្នត្រូវបានចាប់យកមកផ្សាំង ដើម្បីប្រើ ប្រា​ស់​ក្នុង​​ស្រុក​មានចំនួន៧១ក្បាល។
 
លោក នេត្រ ភក្រ្តា អះអាងថា ការដែលប្រទេសប៉ាគីស្ថាន បានបញ្ជូនដំរីខាវ៉ាន់ មកប្រទេសកម្ពុជា​ គឺទី១, បង្ហាញពីទំនាក់ ទំ​នង​រវាង​កម្ពុជា និងប៉ាគីស្ថាន ទី២, ដោយសារតែនៅកម្ពុជា មានព្រៃឈើច្រើន​នៅក្នុង​តំបន់ការពារ ដែលបច្ចុប្បន្ននេះ កម្ពុជាមាន​ដែ​ន​​ការ​ពារ​អភិរក្សជីវៈចម្រុះរហូតដល់៦៨ កន្លែង។ ក្នុងនោះតំបន់ការពារធម្មជាតិ​ចំនួន​៥៥ និងរបៀងអភិរក្សជីវៈ​ចម្រុះចំនួន​៣​ក​ន្លែង​។ មានផ្ទៃដីសរុបជាង៧លាន​៣សែនហិកតា ស្មើនឹងប្រមាណ៤១ភាគរយ នៃផ្ទៃដីសរុបប្រទេសកម្ពុជា ហើយផ្ទៃដីអភិរក្ស​មាន​ចំនួន​ធំ​ជាង​២ដង ទៅតាមការកំណត់នៃគោលការណ៍អភិរក្សជីវៈ​ចម្រុះ ដែលកំណត់ត្រឹមតែ១៧ភាគរយ​ តែកម្ពុជា​មាន​រហូ​ត​ដល់​៤១ភាគរយ ដែលជាចំនួនមួយច្រើន។

តាមលោក នេត្រ ភក្ត្រា ការនាំយកដំរីខាវ៉ាន់ ពីប្រទេសប៉ាគីស្ថាន មកកាន់ប្រទេសកម្ពុជា​ នឹងធ្វើឲ្យមាន​ចំណាប់អារម្មណ៍ កាន់​តែ​ច្រើន​ថែមទៀត ទៅលើការការពារ និងអភិរក្សធនធានធម្មជាតិ ហើយជាការដែល​អាចទាក់ទាញភ្ញៀវទេសចរណ៍ ​ពីព្រោះ​ដំរី​ខា​វ៉ាន់​នេះ ជាដំរីដែលមានភាពល្បីល្បាញ និងមានកេរ្តិ៍​ឈ្មោះ​ល្បី លើសំណុំរឿងនៅតុលាការ នៅប្រទេសប៉ាគីស្ថាន ​ដូច្នេះនេះ គឺជាការផ្ដល់នូវកិច្ចសហការលើ​ការការ​ពារ និង​អភិរក្សជីវៈចម្រុះគ្រប់ប្រភេទ ហើយនេះក៏ជាការគោរពសិទ្ធិសត្វ ដែល​ត្រូវ​រស់​នៅ​​ក្នុង​​​ព្រៃធម្មជាតិ​ផង​ដែរ៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ កោះកែវ

ព័ត៌មាន​ទាក់ទង​

Loading...