ពណ៌បៃតង ជាពណ៌តំណាងឲ្យភពផែនដីនិងបរិស្ថានស្រស់បំព្រង។ ក្រៅពីនោះ ពណ៌បៃតងតំណាងជីវិតមនុស្ស និងអត្តចរិតមួយចំនួនរបស់ពួកគេថែមទៀត។ វាជាពណ៌នៃការលូតលាស់ ភាពរឹងមាំ ភាពជឿជាក់ តុល្យភាព និងភាពស្ងប់ស្ងាត់។ អ្នកស្រឡាញ់ពណ៌បៃតង ជាអ្នកស្រឡាញ់ធម្មជាតិ និងស្រឡាញ់គ្រួសារផងដែរ។ គេជាមនុស្សមានការអាណិតអាសូរ សប្បុរស ស្មោះត្រង់ សីលធម៌ខ្ពស់ ចេះសម្របខ្លួន ពូកែលើកទឹកចិត្តនិងជាមនុស្សដែលច្រើនតែវោហារបាន។
ទន្ទឹមនឹងភាពវិជ្ជមាន ពណ៌បៃតងក៏តំណាងឲ្យភាពអវិជ្ជមានមួយចំនួនដូចជា សម្ភារនិយម ភាពព្រងើយកន្តើយ ច្រណែន អាត្មានិយម លោភលន់ និងឆាប់ឈ្លក់វង្វេង។
ទោះយ៉ាងណា ពណ៌បៃតងមានអត្ថន័យផ្សេងគ្នាតាមបម្រែបម្រួលរបស់វាផងដែរ ដែលភាពប្រែប្រួលនោះរួមមាន៖
ពណ៌បៃតង (Grass green)៖ ពណ៌នេះ ជាពណ៌តំណាងឲ្យលុយកាក់។ ចំពោះមនុស្សវាបង្ហាញពីទំនុកចិត្តលើខ្លួនឯង ការស្រឡាញ់ធម្មជាតិ និងពោរពេញដោយសុខភាពល្អ។
ពណ៌បៃតងស្លេក (Pale green)៖ ជាពណ៌នៃការលូតលាស់ថ្មីរបស់រុក្ខជាតិ។ វាបង្ហាញពីភាពក្មេងខ្ចីរបស់យុវវ័យដែលគ្មានបទពិសោធន៍ និងជាពណ៌តំណាងឲ្យទស្សនៈថ្មីដើម្បីចាប់ផ្ដើមអ្វីថ្មីៗ។
ពណ៌បៃតងស្លាបកំភេន (Emerald green)៖ ជាពណ៌នៃការបំផុសគំនិតនិងការលើកស្ទួយកិត្តិយស។ វាបង្ហាញពីភាពរុងរឿងនៃជីវិត។
ពណ៍បៃតងក្រម៉ៅ (Jade green)៖ ជាពណ៌នៃការជឿទុកចិត្ត ការរក្សាការសម្ងាត់ យុទ្ធសាស្ត្រ និងការទូត។ ពណ៌បៃតងនេះបង្ហាញពីទឹកចិត្តសប្បុរសដែលផ្ដល់ឲ្យដោយមិនរំពឹងអ្វីត្រឡប់មកវិញ។ វាក៏ជាពណ៌នៃប្រាជ្ញា ការយល់ដឹង និងភាពស្ងប់នៃផ្លូវធម៌។
ពណ៌បៃតងកំបោរ (Lime green)៖ ជាពណ៌នៃអ្នកចំណូលតន្រ្តី និងពេញនិយមបំផុតពីក្រុមមនុស្សវ័យក្មេង។ វាជាពណ៌ដែលបង្កើតអារម្មណ៍ប្រុងប្រយ័ត្ន និងការលុបបំបាត់គំនិតអវិជ្ជមាន។
ពណ៌បៃតងចាស់ (Dark green)៖ ជារឿយៗវាត្រូវបានប្រើដោយអ្នកជំនួញដែលមានទ្រព្យសម្បត្ដិ និងតំណាងមនុស្សមានមហិច្ឆតាធំ។ បន្ថែមពីលើនេះ ពណ៌បៃតងចាស់បង្ហាញពីភាពលោភលន់ និងភាពអាត្មានិយមផងដែរ។
ស៊ីលៀប (Aqua)៖ ជាពណ៌តំណាងឲ្យស្មារតីស្ងប់សុខ ការការពារ និងការព្យាបាលផ្លូវអារម្មណ៍។
ពណ៌ស្លឹកអូលីវ (Olive green)៖ ចំពោះមនុស្សដែលនិយមពណ៌នេះ បង្ហាញថា គេចូលចិត្តនឹងការបោកបញ្ឆោតអ្នកដទៃ ការផិតក្បត់ និងការបន្ទោសអ្នកដទៃចំពោះបញ្ហារបស់ខ្លួន។
ពណ៌ត្រួយចេក (Yellow green)៖ ពណ៌នេះបង្ហាញពីមនុស្សដែលមានភាពកំសាក ចូលចិត្តបង្កជម្លោះ និងភ័យខ្លាចច្រើន៕
អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey
ដោយ៖ សន្យា