កន្លែងធ្លាប់ល្បីល្បាញ «ព្រះអង្គជប់»​ ភ្នំគូលែន បែរជាសំរាមរាយប៉ាយ​តាំង​ពី​ជណ្តើរ​ឡើង​ ដល់​ចំណតរថយន្ត

អង្គារ, ២៤ ​វិច្ឆិកា ២០២០

សៀមរាប៖ «ព្រះអង្គជប់» នៃភ្នំគូលែន ទី​កន្លែងដែលធ្លាប់ល្បីល្បាញ មានពុទ្ធបរិស័ទមកពីគ្រប់ទិសទី​ផ្តល់ការគោរពប្រណិ​ប័​ត​ន៍ ​បែរជាត្រូវមកគ្របដណ្តប់ដោយសម្រាម​រប៉ាតរប៉ាយគួរឱ្យស្អប់ខ្ពើមទៅវិញ។

អភិបាលស្រុកបន្ទាយ​ស្រី លោក ឃឹម ហ្វីណង់​ បាន​យក​ឱកាស «ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២០» ប្រមូល​ក​ម្លាំ​ង​​​ជាង ២០០នាក់ សម្អាត​បរិស្ថានដើម្បី​ប្រែក្លាយ​ទី​សក្ការ​ «ព្រះអង្គជប់»​ ភ្នំគូលែន សក្កសមជា​កន្លែង​ពិសិដ្ឋ​សម្រាប់​ពលរដ្ឋ​គោ​រ​ព​​បូជា​។

លោក អភិបាល​ស្រុក​បន្ទាយ​ស្រី ឃឹម ហ្វីណង់​ បាន​ឲ្យ​ដឹ​ង​ថា រដ្ឋបាលស្រុកបន្ទាយស្រីគ្រោងធ្វើការ​ពិភាក្សាជាមួយរដ្ឋ​បាល​ស្រុ​ក​​​ស្វាយ​លើក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា ដើម្បីឈានទៅរកយន្តការគ្រប់គ្រងប្រកបដោយនិរន្តភាពមួយនៅទីនេះ។

ការបង្កើតគណៈកម្មការគ្រប់គ្រង ឬសហគមន៍ផ្លូវការច្បាស់លាស់ដែលមានលទ្ធភាពអាចស្វ័យគ្រប់គ្រងបាន គឺជា​ជ​ម្រើ​ស​ល្អ​មួយ​ដែល​គួរយកមកពិចារណា។ ប៉ុន្តែក្នុងនាមរដ្ឋបាលស្រុកបន្ទាយស្រី លោក​អំពាវនាវ ២ចំណុចជាបណ្តោះអាសន្ន៖

ទីមួយ សូមបងប្អូនអ្នកទេសចរ និងពុទ្ធបរិស័ទ្ធទាំងអស់ដែលមកទស្សនាកម្សាន្ត ឬធ្វើបុណ្យធ្វើទាននៅទីនេះ​មេត្តាគ្រប់​គ្រង​សំ​រាម​​ផ្ទាល់​ខ្លួន និងផ្តល់ភាពទទួលខុសត្រូវលើសំរាមដែលខ្លួនបានបង្កើត ព្រោះ​រាល់សំរាមដែល​បោះចោលនៅទីនេះ​នឹងបន្ត​នៅ​ទី​នេះ​ជា​រៀងរហូត។

ទីពីរសប្បុរសជនដែលតែងតែបរិច្ចាគ ធ្វើបុណ្យធ្វើទានទៅកាន់ព្រះអង្គជប់ គួរពិចារណារំលែកការ​ចូលរួមនេះមកលើកិច្ចគាំ​ពារ​ថែ​រក្សា​បរិស្ថាន និងគ្រប់គ្រងសំរាមផង តាមរយៈការជ្រោមជ្រែងលើយុវជនស្ម័គ្រចិត្ត ឬឧបត្ថម្ភដល់ប្រជាការពារ​ដែល​ធ្វើការ​ពាក់​​ព័ន្ធ​នឹងការប្រមូលសំរាម។ ភាពស័ក្តសិទ្ធ និងការគោរពបូជាមិនគួរធ្វើឡើងនៅក្នុងទីដែលគគ្រិចនោះទេ ហើ​យ​ការ​ស្រ​លាញ់​​ថែរក្សាបរិស្ថានក៏អាចរាប់ថាជាការធ្វើបុណ្យបានដែរ។

«ព្រះអង្គជប់» ជា​កន្លែងដ៏វិសិដ្ឋ មាន​កិត្តិស័ព្ទ​ល្បី​ខ្លាំងពូកែ និងក៏ជា​កន្លែង​សក្តានុពលខាងផ្នែកទេសចរណ៍សាសនា។ ទីនោះ​ជា​តំ​បន់​ឧទ្យានជាតិ ស្ថិត​នៅ​ព្រំប្រទល់ខណ្ឌចែករវាងស្រុកបន្ទាយស្រី និងស្រុកស្វាយលើ(ត្រឹមច្រកឡើង​នៅជើងភ្នំ​ស្ថិតក្នុង​ស្រុក​បន្ទា​យ​ស្រី ​ចំណែកផ្លូវឡើងនិងផ្នែកខាងលើស្ថិតក្នុងស្រុកស្វាយលើ)។

ថ្មីៗនេះ រដ្ឋបាលស្រុកបន្ទាយស្រី​បានប្រមូល​កម្លាំង​ជិត២០០នាក់ ដាក់កម្មវិធីសម្អាតបរិស្ថាននៅ​ក្នុងតំបន់នេះឱ្យចំថ្ងៃទិវា​បរិ​ស្ថា​ន​ ​២៣វិច្ឆិកាតែម្តង។ តែអ្វីៗមានសភាពធ្ងន់ធ្ងរលើសពីការរំពឹងទុកទៅទៀត។ ចាប់តាំងពីចំណត​រថយន្តនៅខាងផ្នែកខាង​ក្រោម ​នៅតាមសងខាងជណ្តើរឡើង និងផ្លូវរថយន្ត ចំណុចសម្រាកជើងនីមួយៗ ជាពិសេសនៅជុំវិញបរិវេណ​ដែលមាន​អ្នក​លក់​ដូរ ​និ​ង​ផ្នែកខាងលើនៃភ្នំ ក៏ដូចជាបរិវេណជុំវិញបន្ទប់ទឹក សំរាមយ៉ាងច្រើនមាននៅស្ទើរតែគ្រប់ទីកន្លែង ហាក់ដូចជាមិន​ដែល​មាន​អ្នក​ណា​ធ្លាប់​មកសម្អាតទាល់តែសោះ ដែលធ្វើឱ្យមានការខ្ពើមរអើម មិនចង់សូម្បីតែដើរឆ្លងកាត់ កុំថាឡើយឱ្យមក​លេង​កម្សាន្ត។

បើ​តាម​លោក​ឃឹម ហ្វីណង់ លើក​ឡើង​ថា អាចថាបណ្តាលមកពីភាពមិនច្បាស់លាស់នៃដែនសមត្ថកិច្ចទទួលខុសត្រូវក៏ថាបាន ព្រោះ​យ៉ាង​ហោចណាស់ក៏មានស្ថាប័ន៤ដែរ ដែលពាក់ព័ន្ធនៅទីនេះ (បរិស្ថាន? អប្សរា? ស្វាយលើ? បន្ទាយស្រី?)៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ Dy Bunnara

ព័ត៌មាន​ទាក់ទង​

Loading...