ប្រមុខយោធាបានប្រកាសថា អាជ្ញាធរឥណ្ឌូនេស៊ីបានរកឃើញប្រអប់ខ្មៅពីយន្ដហោះក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air SJ 182 ដែលបានធ្លាក់ចូលក្នុងដែនទឹកនៃកោះ Seribu កាលពីថ្ងៃសៅរ៍។
ប្រមុខយោធាឥណ្ឌូណេស៊ីលោក Hadi Tjahjanto បាននិយាយថា ឧបករណ៍កត់ត្រាទិន្នន័យហោះហើរ (FDR) ត្រូវបានរកឃើញនៅថ្ងៃទីបួននៃប្រតិបត្តិការស្វែងរក ហើយត្រូវបាននាំទៅកាន់ប៉ុស្តិ៍ Jakarta International Container Terminal 2 ដោយនាវាកងទ័ពជើងទឹក KRI Rigel។
ទន្ទឹមនោះលោក Tjahjanto បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ឧបករណ៍កត់ត្រាទិន្នន័យហោះហើរ (FDR) ត្រូវបានគេរកឃើញនៅម៉ោង ៤ និង ៤០ នាទីល្ងាច (ម៉ោងនៅឥណ្ឌូនេស៊ី) ហើយក្រុមរុករក និងជួយសង្គ្រោះនៅតែកំពុងស្វែងរកម៉ាស៊ីនថតសំឡេងកាប៊ីនយន្ដហោះ។
យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានចាកចេញពីអាកាសយានដ្ឋាន Soekarno-Hatta នៅទីក្រុងហ្សាកាតាឆ្ពោះទៅកាន់ទីក្រុង Pontianak នៅក្នុងខេត្ត West Borneo នៅពេលដែលវាបាត់ការទាក់ទងក្នុងរយៈពេលប៉ុន្មាននាទី បន្ទាប់ពីហោះឡើង។ វាបានដឹកអ្នកដំណើរចំនួន ៥០ នាក់ក្នុងនោះមានកុមារ ១០ នាក់ និងសមាជិកនាវិក ១២ នាក់សរុបមានចំនួន ៦២ នាក់៕
អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey
ដោយ៖ ជីវ័ន្ត