ប្រទេសហ្វីលីពីន បានបញ្ជាក់ពីការឆ្លងក្នុងសហគមន៍ នៃវីរុសអង់គ្លេសបម្លែងខ្លួនប្រភេទថ្មីដែលឆ្លងខ្លាំងជាងមេរោគកូរ៉ូណាទៅទៀត។
លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់បណ្តាញព័ត៌មាន ANC ថា “ឥឡូវនេះ យើងមានករណីឆ្លងក្នុងសហគមន៍ ដែលបុគ្គលមានផ្ទុកវីរុសបម្លែខ្លួនប្រភេទថ្មីបានចម្លងដល់សហគមន៍និងក្រុមគ្រួសាររបស់ពួកគេ”។
ពិភពលោកកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនៃវីរុស B117 ថ្វីបើមានបម្រាមធ្វើដំណើរ ការបិទទីតាំងនិងវិធានការរឹតបន្តឹងនៅក្នុងប្រទេសជាច្រើនក៏ដោយ ចំពេលមានការព្រួយបារម្ភថា វាមិនត្រឹមតែឆ្លងខ្លាំងជាងកូវីដទេប៉ុន្តែវាក៏សម្លាប់មនុស្សសាហាវជាងកូវីដផងដែរ។
ក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយថា វីរុស B117 បានរីករាលដាលក្នុងចំណោមមនុស្សចំនួន១២នាក់នៅខេត្ត Bontoc ភាគខាងជើង។
ករណីដំបូងនៃវីរុសអង់គ្លេសនេះ ត្រូវបានរកឃើញនៅក្នុងជនជាតិហ្វីលីពីនម្នាក់ដែលធ្វើដំណើរមកពីប្រទេស អារ៉ាប់រួម។ បើនិយាយពីជំងឺកូវីដ១៩វិញ ហ្វីលីពីនមានករណីឆ្លងជិត៥១៥,០០០ករណីនិងស្លាប់ជាង១០,២០០នាក់។ ហ្វីលីពីនស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយសារកូវីដនៅទ្វីបអាស៊ី៕
អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey
ដោយ៖ វណ្ណវណ្ណ