បន្ទាប់ពីថ្ងៃប្រគល់ និងបិទកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដោយទទួលបានការបរិច្ចាគថវិកាពីសប្បុរជនទូទាំងប្រទេសកម្ពុជា ចំនួនជាង៥០ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យកុមារអង្គរ។
ដោយថ្ងៃនេះ ជាថ្ងៃដែល សាយ ទទួលបានពានរង្វាន់វីរយុវជន២០២០ ពីសមាគមន៍អន្តរជាតិ IAYSP Cambodia ក៏បានឃើញបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួនយ៉ាងពោរពេញដោយអត្ថន័យចំពោះប្រជាជនខ្មែរ។ សារនោះគឺ សាយ បានសរសេរថា «ភ័យអរៗក្នុងពេលតែមួយ មានអារម្មណ៍តានតឹងជាងរត់ជុំវិញប្រទេសកម្ពុជាទៀត។ ហើយចង់ប្រាប់អ្នកទាំងអស់គ្នាថា ពានរង្វាន់មួយនេះគឺជាពានរង្វាន់របស់ប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមធ្វើអោយព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ប្រព្រឹត្តទៅយ៉ាងរលូន និងជាពានរង្វាន់សម្រាប់អ្នកដែលបានចូលរួមបរិច្ចាគ ចូលរួមគាំទ្រ ចូលរួមសម្របសម្រួល ឧបត្ថម្ភ នេះគឺជាពានរង្វាន់របស់ពួកយើងទាំងអស់គ្នា»។
ជាមួយគ្នានោះដែរ មហាជនលើបណ្ដាញសង្គមជាច្រើនក៏បានចូលរួមអបអរសាទរ ព្រមទាំងបន្តបង្ហាញពីអារម្មណ៍មានមោទនភាពចំពោះ សាយ គ្រប់ៗគ្នាផងដែរ៕
ដោយ៖ ស្រីហាង