ច្បាស់​ហើយ ​ទាក់ទង​ការ​ស្លាប់​នារីអូតែស​ហ្វីលីពីន ​តែមិន​មែន​ជា​ករណី​ចាប់​រំលោភ​

ពុធ, ២៧ មករា ២០២១

របាយការណ៍វេជ្ជសាស្ត្រលើសាកសពរបស់អ្នកបម្រើការលើយន្តហោះហ្វីលីពីនកញ្ញា Christine Dacera បានបញ្ជាក់ថា នាងបា​ន​ស្លាប់​​ដោយសារមូលហេតុធម្មជាតិ។

ការស៊ើបអង្កេតបឋមរបស់ប៉ូលិសជាតិហ្វីលីពីនចូលទៅក្នុងករណីចាប់រំលោភ ជាមួយនឹងបណ្តឹងមនុស្សឃាតប្រឆាំងគូកនរបស់ Da​cera ចំនួន១១នាក់ក្នុងពិធីជប់លៀងឆ្លងឆ្នាំថ្មី បានចាប់ផ្តើមឡើងវិញនៅថ្ងៃពុធទី២៧ខែមករានេះ។

ប៉ូលិសបានបញ្ជូនរបាយការណ៍វេជ្ជសាស្ត្រផ្លូវច្បាប់និងលទ្ធផលតេស្ត DNA ក្នុងអំឡុងពេលនៃដំណើរការនេះទៅឲ្យអយ្យការ។ ឯ​ក​សារថតចម្លងក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារផងដែរ។

របាយការណ៍ដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ Joseph Palmero បានបង្ហាញថា “មូលហេតុនៃការស្លាប់​ដោយ​សា​រ​​កា​រ​​ធ្វើ​មនុស្ស​ឃាតគឺត្រូវបានច្រានចោលក្នុងករណីរបស់កញ្ញា Dacera ពីព្រោះអាការៈប៉ោងសរសៃឈាម ត្រូវបានចាត់ទុកថា​ជា​ស្ថាន​​ភាពសុខភាពរបស់នាង។ ការរំលោភសេពសន្ថវៈឬការប្រើថ្នាំជ្រុល នឹងមិនបណ្តាលឲ្យមានការវិវត្តនៃជំងឺ​ប៉ោងសរសៃ​ឈាម​ទេ​”។

របាយការណ៍បានលើកឡើងថា ខណៈដែលជំងឺប៉ោងសរសៃឈាមជាទូទៅត្រូវបានគេរក​ឃើញក្នុងចំណោមអ្នកជំងឺវ័យចំណាស់​ដោ​យ​សារតែ​ការកកខ្លាញក្នុងសរសៃឈាមនោះ ការកើនឡើងសម្ពាធឈាមក៏អាចបណ្តាលឲ្យមានការស្លាប់ដូចជាករណីរបស់ Da​c​era ​ដែរ។

របាយការណ៍បន្ថែមថា “មិនមានជាតិអាល់កុលឬថ្នាំញៀនណាមួយត្រូវបានប្រើប្រាស់នៅយប់ មុនពេលនាងស្លាប់ទេ។ បេះ​ដូង​រប​ស់ ​​Dacera មានទម្ងន់ខុសធម្មតាដែលធ្វើឲ្យនាងលើសឈាម”។ របាយការណ៍បានបញ្ជាក់ថា “ផ្អែកលើព័ត៌មានដែលមានក្នុងដៃ មូ​ល​ហេ​តុ​នៃការស្លាប់នេះ ត្រូវបានចាត់ថ្នាក់ជាការស្លាប់ដោយធម្មជាតិ”៕

អត្ថបទផ្តល់សិទ្ធិ៖ kampucheathmey

ដោយ៖ វណ្ណវណ្ណ

ព័ត៌មាន​ទាក់ទង​

Loading...